អគ្គនាយកERA Cambodiaមើលឃើញតំបន់សក្តានុពល៤សម្រាប់ការ វិនិយោគខុនដូនៅរាជធានីភ្នំពេញ

ស្របពេលទីផ្សារខុនដូកាន់តែមានប្រជាប្រិយភាព ក្នុងចំណោ​មប្រជាពលរដ្ឋខ្មែរ អ្នកជំនាញបាននិងកំពុងមើលឃើញ តំបន់ចំនួន៤ ដែលការអភិវឌ្ឍន៍ខុនដូ កំពុងមានការរីកចម្រើនលឿន។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរីកចម្រើនទីផ្សារខុនដូ កំពុងចាប់ផ្តើមមានភាពប្រសើរឡើង ដោយសារកំំណើននៃការចាប់អារម្មណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ និងឱកាសចំណេញខ្ពស់ពីការវិនិយោគ បើធៀបនឹងការទិញផ្ទះធម្មតា។

លោកបន្តថា “ដោយមើលឃលញនិន្នាការនេះ ខ្ញុំមើលឃើញតំបន់ចំនួន៤កំពុងមានការរីកចម្រើន និងបន្តរីកចម្រើនខ្លាំងនាពេលអនាគត គឺតំបន់បឹងកេងកង តំបន់ជ្រោយចង្វារ តំបន់ទួលគោក និងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់ផ្កូវ៦០ម៉ែត្រ”។

លោកខន គង្គាបានពន្យល់ពីអ្វីដែលលោកលើកឡើង មកធ្វើជាអំណះអំណាងថា តំបន់បឹងកេងកងទី១ ដល់ទី៣ ជាតំបន់ដែលដីមានតម្លៃថ្លៃ និងអាចកើនដល់១ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់បឹងកេងកង១ នា៣ឆ្នាំខាងមុខ។ ហេតុនេះអ្នកទិញដីមិនអាចសាងសង់ផ្ទះវីឡា ឬផ្ទះល្វែងបានទេ ពួកគេនឹងសាងសង់ខុនដូ ឬអាគារពាណិជ្ជកម្ម ទើបទាញបានផលត្រលប់ពីតម្លៃដីមកវិញ។

ចំណែកតំបន់ជ្រោយចង្វារ ជាតំបន់មួយមានលក្ខខ័ណ្ឌអាកាសធាតុល្អ មានទន្លេព័ទ្ឋជុំវិញ អំណោយផលដល់ការលំហែរ និងផ្តល់ផាសុខភាព​ដល់ការរស់នៅ ហើយតំបន់នេះប្រៀបដូចជាតំបន់ម៉ាហាត់តាន់ នៅសហរដ្ឋអាមេរិក។

លោកខន គង្គាបានបន្តថា ចំណែកតំបន់ទួលគោក គឺជាតំបន់នៃការធ្វើពាណិជ្ជកម្មចម្រុះ ដោយសារតំបន់នេះបណ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដោយក្រុមអភិជនផងដែរ។ ហេតុនេះ ការវិនិយោគខុនដូ​នៅតំបន់នេះ ក៏ងាយស្រួលជួល ស្រដៀងនឹងតំបន់បឹងកេងកងផងដែរ។

លោកបានបន្តថា រីឯតំបន់ផ្លូវ៦០ម៉ែត្រ ជាតំបន់មានការរីកចម្រើនលឿន ហើយបច្ចុប្បន្នគំរោងជាច្រើនបាន និងកំពុងសាងសង់ និងបញ្ចប់ការ​សាងសង់នៅតំបន់នេះ ពិសេសវត្តមានផ្សារទំនើបAEON Mall3បាននិងកំពុងបើកដំណើរការកាលពីពេលថ្មីៗនេះ គឺនឹងធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញ​ថែមទៀត ព្រោះផ្សារទំនើបតម្លៃរាប់រយលានដុល្លារបែបនេះ អ្នកវិនិយោគពិតជាបានសិក្សាពីទីផ្សាររួចហើយ សិក្សាពីលំហូរមនុស្ស និងអំណា​ចទីផ្សារច្បាស់លាស់ណាស់ មុនពេលពួកគេសម្រេចចិត្តជ្រើសរើសយកទីតាំងនៅតំបន់ណាមួយ៕

Previous
Previous

អគ្គនាយកក្រុមហ៊ុនERAអះអាងថាទីផ្សារខុនដូងើបឡើងវិញខ្លាំង នៅខែតុលានេះ

Next
Next

ក្រុមហ៊ុនអចលនទ្រព្យ ERA CAMBODIA សម្ពោធការិយាល័យកណ្តាលថ្មីរបស់ខ្លួន