អគ្គនាយក ERA អះអាងថាទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodiaលោកខន គង្គាបានមានប្រសាសន៍ថា ទីផ្សារខុនដូបាននិងកំពុងចាប់ផ្តើម មានភាពប្រសើរឡើងវិញហើយ។ លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៤ តុលាថា ស្ថានភាពបច្ចុប្បន្ន ទីផ្សារខុនដូចាប់ផ្តើមមានភាពប្រសើរឡើង បើធៀបនឹងត្រីមាសទី២ឆ្នាំនេះ។ ​​​​លោកបន្តថា ស្ថា​នភាពទីផ្សារ មានភាពប្រសើរ ប៉ុន្តែមិនកើនឡើងជាដុំកំភួននោះទេ វាងើបឡើងតិចៗ។ លោកបន្តថា “អ្នកទិញខុនដូ មានទាំងជនជាតិខ្មែរ និងបរទេស ហើយជនបរទេសភាគច្រើនជាជនជាតិអឺរ៉ុប និងជនជាតិជប៉ុន សឹង្ហបុរី កូរ៉េជាដើម”។ លោកបន្តថា “អ្នកទិញថ្មីៗនៅក្នុងទីផ្សារ មានជនជាតិភូមា និងជនជាតិឥណ្ឌូនេស៊ី”។ ការផ្គត់ផ្គង់ខុនដូនៅទីផ្សារបច្ចុប្បន្ន មានប្រមាណ៥០,០០០យូនីត ដែលបាននិងកំពុងដាក់ចូលក្នុងទីផ្សារ ដែលគេមើលឃើញថា ចំនួនការផ្គត់ផ្គង់ហាក់លើសតម្រូវការ ប៉ុន្តែអ្នកជំនាញថា ទីផ្សារនៅតែស្រូបយកតម្រូវការល្អប្រសើរនៅឡើយ។ លោកខន គង្គាបានបន្តថា ស្ថានភាពបច្ចុប្បន្ន វានៅតែជាពេលវេលាល្អ សម្រាប់ការទិញខុនដូ សម្រាប់វិនិយោគយកផលចំណេញ ក៏ដូចជា ទិញសម្រាប់រៀបចំជាបន្ទប់សណ្ឋាគារ ព្រោះការទិញខុនដូមួយជាន់ឬ២ជាន់រៀបចំជាសណ្ឋាគារ មានការពេញនិយមផងដែរ៕

Previous
Previous

ទីផ្សារខុនដូឆ្នាំ២០២៣មានសកម្មភាពល្អប្រសើរឡើងវិញជាបណ្តើរៗ និងបន្តវិជ្ជមាននៅក្នុងឆ្នាំថ្មី

Next
Next

អគ្គនាយកក្រុមហ៊ុនERAអះអាងថាទីផ្សារខុនដូងើបឡើងវិញខ្លាំង នៅខែតុលានេះ